TOYOTA បញ្ចេញរថយន្តប្រើអ៊ីដ្រូហ្សែនជំនាន់ទី២ របស់ខ្លួន ជាមួយរូបរាងកាន់តែទាក់ទាញ!

  • 2019-10-21 3:36:20 AM
  • ចំនួនមើល 65 ដង

Mirai ជំនាន់ទី ២ គឺជារថយន្តគំរូថ្មីរបស់ក្រុមហ៊ុន TOYOTA និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលសង្វាក់ផលិតកម្ម ហើយនឹងចេញលក់នៅចុងឆ្នាំ ២០២០ ខាងមុខ ។

គួររំលឹកឱ្យដឹងថា រថយន្ត Mirai ជំនាន់ទី ១ បានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ ២០១៥ ហើយជារថយន្តប្រើអ៊ីដ្រូហ្សែន (Hydrogen Fuel-Cell Electric Vehicle) ដំបូងបង្អស់ដែលមានលក់នៅអាមេរិកខាងជើងទៀតផង ប៉ុន្តែមិនសូវទទួលបានការចាប់អាមរ្មណ៍ឡើយ ។
ឥឡូវនេះ Toyota បានផ្លាស់ប្តូរការរចនាទាំងស្រុងសម្រាប់រថយន្ត Mirai ជំនាន់ថ្មី ដោយមានរូបរាងស្រដៀងទៅនឹង Lexus ហើយប្តូរគ្រោងឆ្អឹងថ្មី សម្រាប់ប្រព័ន្ធបើកបរប៉ុងក្រោយថ្មីផងដែរ ។
រថយន្ត Mirai ជំនាន់ទី ២ ថ្មីនេះប្រើគ្រោងឆ្អឹង Toyota’s Global RWD Platform ដែលជួយឱ្យវាមានដំណើរការកាន់តែប្រសើរ ហើយក៏មានចម្ងាយបើកបរច្រើនជាងមុន សរុបប្រហែល ៦៣០ គីឡូម៉ែត្រ ។

សូមបញ្ជាក់ថា រថយន្តប្រើអ៊ីដ្រូហ្សែន (FCEV) នេះមិនដូចរថយន្តប្រើអគ្គិសនីឡើយ ដោយវាបង្កើតថាមពលអគ្គិសនីដោយខ្លួនឯង ពីអ៊ីដ្រូហ្សែន និង អុកស៊ីហ្សែន ។ រថយន្តប្រើអ៊ីដ្រូហ្សែនមានចំណុចល្អខ្លាំងលើសរថយន្តប្រើអគ្គិសនី ត្រង់ថា វាអាចបញ្ចូលថាមពលពេញ ត្រឹមពេល ៥ នាទីប៉ុណ្ណោះ ៕



អត្ថបទថ្មី