EZECOM បរិច្ចាគ១ម៉ឺនម៉ាស ជូនអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មក្នុងការ​ទប់ស្កាត់វីរុសកូវីដ១៩ នៅកម្ពុជា!!

  • 2020-04-08 11:58:50 PM
  • ចំនួនមើល 221 ដង

កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០កន្លងទៅ ថ្នាក់ដឹកនាំក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ខ្ពស់ EZECOM បានយកម៉ាសគុណភាពខ្ពស់មួយចំនួនធំ សរុប ១០ ០០០ ម៉ាស ព្រមទាំងទឹកលាងដៃសម្លាប់មេរោគចំនួន ១ ២០០ដប ទៅប្រគល់ជូនដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​កម្ពុជាក្នុងការ​ទប់ស្កាត់វីរុសកូវីដ១៩ នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត សុខ ចំរើន អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន EZECOM ដែលបានពាំនាំនូវសម្ភារៈបរិក្ខារដ៏មានសារសំខាន់ទាំងនេះ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលទប់ស្កាត់កូវីដ១៩។ ឯកឧត្តមបណ្ឌិត សុខ ចំរើន បានមានប្រសាសន៍ថា “នេះគឺជាកាយវិការមួយដ៏ប្រពៃ និងប្រកបដោយមនុស្សធម៌ ពីថ្នាក់ដឹកនាំក្រុមហ៊ុន EZECOM ដែលបានយកចិត្តទុកដាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា​វិធានការការពាររបស់ក្រសួងសុខាភិបាលផងដែរ។ តាងនាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ខ្ញុំសូមថ្លែងអំណរគុណ​ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន EZECOM ហើយខ្ញុំរំពឹងថាយើងនឹងមានកិច្ចសហការបន្តទៀត ជាពិសេសបន្តលើការ​គាំទ្រ​ផ្នែកសម្ភារៈ ក៏ដូចជាផ្នែកបច្ចេកទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលនេះ។”

សកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនថ្ងៃនេះ គឺជាការចូលរួមចំណែកថ្មីមួយទៀតរបស់ EZECOM ក្នុងការ​សម្រាលបញ្ហាជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយក្នុងវិស័យសេវាអ៊ីនធឺណិត។ លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “នេះគឺជាពេលវេលាដ៏មាន​សារសំខាន់ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាជាធ្លុងមួយ និងជួយគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់កូវីដ១៩ និងការពារ​សុខមាលភាពប្រជាជនកម្ពុជា។ ការបរិច្ចាគម៉ាស ទឹកលាងដៃសម្លាប់មេរោគនៅថ្ងៃនេះ គ្រាន់តែជាការចូលរួមចំណែក​មួយផ្នែកទៀតរបស់ EZECOM ក្នុងចំណោមសកម្មភាពជាច្រើនដែលយើងបានធ្វើ ហើយនឹងបន្តធ្វើនៅពេលខាងមុខ។”

លោកស្រីបានបន្ថែមទៀតថា “ក្នុងនាមជាក្រុមហ៊ុនសេវាអ៊ីនធឺណិត យើងមានតួនាទីយ៉ាងសំខាន់ក្នុងការធានាថា អ្នកប្រើប្រាស់ទាំងអស់ទទួលបានសេវាកម្មដែលល្អបំផុត ក្នុងពេលវេលាដ៏ស្រួចស្រាវនេះ ដើម្បីពួកគាត់អាចបំពេញ​កិច្ចការងារសំខាន់ៗផ្សេងៗលើប្រព័ន្ធអ៊ីនធឺណិត។ ហេតុដូចនេះហើយ ទើបយើងបង្កើតការផ្តល់ជូនជាច្រើនក្នុងអំឡុង​ពេលថ្មីៗនេះ ដើម្បីជួយមនុស្សកាន់តែច្រើនការពារខ្លួនពីកូវីដ១៩។”

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីនេះ ក្រុមហ៊ុនអ៊ីនធឺណិត EZECOM បានដំឡើងល្បឿនអ៊ីនធឺណិត ២០០% ដោយ​ឥតគិតថ្លៃ ដល់អតិថិជនរបស់ខ្លួនដែលកំពុងប្រើប្រាស់កញ្ចប់អ៊ីនធឺណិត EzeSurf ដើម្បីជួយអោយមនុស្សកាន់តែច្រើន​អាចបំពេញការងារផ្សេងៗពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណិត កាន់តែងាយស្រួលនិងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ក្រុមហ៊ុនក៏បានផ្សព្វផ្សាយការបញ្ចុះតម្លៃលើការជាវកម្មវិធី Office 365 ដែលជាកម្មវិធី Office សម្រាប់ក្រុមហ៊ុន​ធុរកិច្ចប្រើប្រាស់ដើម្បីធ្វើការពីចម្ងាយ ប៉ុន្តែនៅតែរក្សាផលិតភាពនិងប្រសិទ្ធភាពការងារ។

សម្រាប់អ្នកដែលត្រូវការអ៊ីនធឺណិតល្បឿនលឿន ដើម្បីបំពេញការងារឬគ្រប់គ្រងអាជីវកម្មរបស់អ្នក អ្នកអាចស្វែងរក EZECOM នៅគេហទំព័រ www.ezecom.com.kh នៅលើផេច EZECOM ក្នុងបណ្តាញសង្គមហ្វេសប៊ុក និងតាមទូរសព្ទលេខ 023 23 81 81 និង 085 88 81 81៕



អត្ថបទថ្មី