Coutinho ចង់វិលត្រឡប់ទៅ Premier League វិញ ក្រោយអស់ទ្រាំជាមួយ Barca

  • 2020-06-02 6:50:12 PM
  • ចំនួនមើល 226 ដង

យោងតាមសម្ដីលោក Kia Joorabchian ដែលជាភ្នាក់ងារកីឡាករបានឱ្យដឹងថា Philippe Coutinho មានគោលបំណងចង់វិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញ ក្រោយមិនទទួលជោគជ័យនៅក្រៅទឹកដីអង់គ្លេស។

Coutinho បានក្លាយជាតារាកំពូលនៅហង្សក្រហម Liverpool ប៉ុន្តែចាប់តាំងពីផ្លាស់ទៅក្លឹប Barcelona ក្នុងតម្លៃខ្ពស់កប់ពពក ១៤២លានផោនកាលពីខែមករាឆ្នាំ ២០១៨ កីឡាករប្រេស៊ីលរូបនេះមិនទាន់ស្វែងរកទម្រង់លេងល្អបំផុតរបស់ខ្លួននៅឡើយនោះទេ។ ក្រោយពីក្លិបមិនពេញចិត្តទម្រង់លេង Coutinho បានបញ្ចូនរូបគេទៅលេងឱ្យក្លឹប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែសីហាឆ្នាំ ២០១៩ និងរកគ្រាប់បាល់បាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២២ ដងក្នុងក្របខ័ណ្ឌ Bundesliga ។

ដោយសារតែ Coutinho បានរងរបួសញ៉ាំញ៉ើ វាហាក់ដូចជាមិនមានអ្វីដែល Bayern ទំនងជាអាចនឹងបន្តកិច្ចសន្យាជាអចិន្ត្រៃយ៍នៅក្នុងជម្រើសទិញផ្ដាច់ចំនួន ១២០ លានផោន ( ១៣៤ លានដុល្លារអាមេរិក) នោះឡើយ ខណៈជាមួយគ្នានេះ មានក្លិបយក្សជាច្រើននៅ Premier League រួមមាន Tottenham, Arsenal, Chelsea រួមនិងអតីតក្រុម Liverpool សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើក្រុមស៊ាំបាប្រេស៊ីលខាងលើ។

លោក Joorabchian ដែលជាភ្នាក់ងាររបស់ Coutinho បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “គាត់ (Coutinho) មានបំណងចង់វិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញនៅពេលណាមួយ។ វាមិនអាចកើតឡើងនៅឆ្នាំនេះទេ ហើយវាក៏អាចកើតឡើងនៅឆ្នាំនេះផងដែរ ប៉ុន្តែយើងមិនដឹងទេ។ យើងពិតជាមិនបានពិភាក្សាអ្វីទាំងអស់នៅពេលនេះ”៕



អត្ថបទថ្មី