ឡើងជើងសាហាវមែន! Sancho ស៊ុត Hat-Trick ជួយ Dortmund លត់ Paderborn ឡើងទក់សាច់ (មានវីដេអូ)
- 2020-06-03 10:18:49 AM
- ចំនួនមើល 470 ដង
ឡើងជើងសាហាវមែន! Sancho ស៊ុត Hat-Trick ជួយ Dortmund លត់ Paderborn ឡើងទក់សាច់ (មានវីដេអូ)
ក្រុម SC Paderborn 07 ក្នុងនាមជាម្ចាស់ផ្ទះ បានបើកទ្វារកីឡដ្ឋាន Benteler-Arena ទទួលស្វាគមន៍ក្រុមភ្ញៀវ Borussia Dortmund ក្នុងការប្រកួត ក្របខណ្ឌ Bundesliga សប្ដាហ៍ទី២៩ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។
យោងតាមស្ថិតិនៃការប្រកួតឃើញថា ក្រុម Dortmund មានឱកាសសម្រុកដាក់គំនាបខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ ដោយស៊ុតបាន១៦ជើង ចំគោលដៅ១០ដង សម្រេចទីបាន៦គ្រាប់ ចំណែកឯក្រុម Paderborn ស៊ុតបាន៦ជើង ចំគោលដៅ១ដងប៉ុណ្ណោះ ទម្លុះសំណាញ់ទីបាន១គ្រាប់។
១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយខ្សែការពារ Uwe Huenemeier តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ។ រីឯ៦គ្រាប់របស់ក្រុមភ្ញៀវ ធ្វើបានដោយកីឡាករ៤រូបផ្សេងគ្នា ក្នុងនោះ ខ្សែបម្រើ Thorgan Hazard ស៊ុតបាន១គ្រាប់ ម្ចាស់លេខ៧ Jadon Sancho បំប៉ោងសំណាញ់ទីបាន៣គ្រាប់ ខ្សែការពារស្លាបស្ដាំ Achraf Hakimi ទម្លុះទីបាន១គ្រាប់ និង ខ្សែបម្រើ Marcel Schmelzer បញ្ចប់ទីបាន១គ្រាប់។
ជាមួយគ្នានេះ តាមរយៈលទ្ធផលខាងលើ Dortmund នៅបន្តឈរលេខ២ ក្នុងក្របខណ្ឌ Bundesliga ក្រោយ ២៩ប្រកួតកន្លងទៅ រកបាន៦០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayern Munich ចំនួន៧ពិន្ទុ។
គួរបញ្ជាក់ផងដែរថា ៣គ្រាប់ដែលរកបាន ក្នុងជំនួបទល់នឹងក្រុម Paderborn ជាគ្រាប់ទី២០ហើយ សម្រាប់ Sancho ក្នុងរដូវកាលនេះ គិតត្រឹមការបង្ហាញខ្លូនចំនួន៣៩ប្រកួត៕
បើចង់ឃើញការស៊ុតបញ្ចូលទីរបស់ Sancho អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖