សម្តេច ហ៊ុន សែន ឲ្យពលករខ្មែរនៅម៉ាឡេស៊ី​ជាង ២០០​នាក់​ចូល​ស្រុក​​ខ្មែរ​​វិញ តែត្រូវ​ធ្វើតេស្ត​ថាគ្មាន​កូវីដ-១៩ ជាមុនសិន

  • 2020-04-28 4:57:39 PM
  • ចំនួនមើល 412 ដង

«រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយកូនក្មួយពលករខ្មែរជាង២០០នាក់ អាចវិលត្រឡប់​មកកាន់មាតុប្រទេស​វិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលាអោយខាងអាជ្ញាធរម៉ាឡេស៊ី គេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថាកូនក្មួយ​គ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩»។

នេះជាអ្វីដែលសម្តេច ហ៊ុន សែន បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសបុកផ្លូវការ នៅរសៀលថ្ងៃទី២៧ មេសា ម្សិលមិញនេះ។

នាយករដ្ឋមន្ត្រីរូបនេះបន្តថា ក្រោយធ្វើតេស្ត ចំពោះពលករណាដែលមានផ្ទុកកូវីដ១៩នោះ បុគ្គលនោះត្រូវ​សម្រាក​ព្យាបាលនៅម៉ាឡេស៊ីឲ្យជាសះស្បើយវិញសិន ទើបកម្ពុជាអនុញ្ញាតឲ្យចូលស្រុក។

សម្តេចថា៖ «សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជា​វិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើកូនក្មួយណា គឺត្រូវនៅ​សម្រាកព្យាបាលនៅទីនោះសិនរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ»។

ប្រមុខរដ្ឋាភិបាលរូបនេះថា ចំពោះពលករដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់​ដោយ​ឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៨ មេសានេះ​ក្រសួងសុខាភិបាលបានប្រកាសថា គ្មានករណីថ្មីនៃជំងឺកូវីដ-១៩ ត្រូវ​បានរកឃើញនោះទេ មានន័យថា រយៈពេល១៦ថ្ងៃជាប់គ្នាហើយ ដែលអវត្តមានកូវីដ-១៩ នៅកម្ពុជា។  ហើយ​ក៏មិន​ទាន់មានអ្នកសះស្បើយបន្ថែមទៀតដែរ។ បច្ចុប្បន្ន កម្ពុជាមានអ្នក​សះស្បើយសរុប ១១៩នាក់ ក្នុងចំណោមអ្នកផ្ទុក​កូវីដ-១៩សរុប ១២២នាក់។

ជាការកត់សម្គាល់ កម្ពុជានៅសល់អ្នកជំងឺតែ៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ ក្នុងចំណោម​អ្នក​មានផ្ទុកកូវីដ-១៩ សរុប១២២នាក់។ បើតាមក្រសួងសុខាភិបាល អ្នក​សះស្បើយទាំង១១៩នាក់ រួមមាន ស្រី៣៧​នាក់ និងប្រុស៨២នាក់ ក្នុងនោះជនជាតិចិនចំនួន៣​នាក់​,អង់គ្លេស ៥នាក់,អាមេរិកាំង២នាក់,បែលហ្សិក១នាក់,បារាំង​​៤០នាក់,ម៉ាឡេស៊ី១៣នាក់,​កាណាដា២នាក់,វៀតណាម៣នាក់,​ឥណ្ឌូណេស៊ី​២នាក់ និង​ជនជាតិខ្មែរ ៤៨​នាក់​៕

នាយករដ្ឋមន្ត្រី ហ៊ុន សែន


អត្ថបទថ្មី