រឿងក្តី​បាត់ដានយន្តហោះ​យ៉ាងអាថ៌កំបាំងទាំង​១០ករណី ដែលមកដល់សព្វថ្ងៃនៅតែមិនទាន់រកឃើញ

  • 2019-05-25 6:27:05 AM
  • ចំនួនមើល 852 ដង



លើលោកនេះមានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលនៅតែមិនទាន់មានអ្នកណាចេញមកស្រាយបំភ្លឺ ឬរកមូលហេតុបានច្បាស់លាស់នៅឡើយទេ ។ ហើយក្នុងចំណោមរឿងរ៉ាវអាថ៌កំបាំងជាច្រើន ការបាត់ដានយន្តហោះក៏ជារឿងមួយដែលធ្វើឱ្យមហាជនទូទាំងប្រទេសចាប់អារម្មណ៍ផងដែរ ដោយអ្នកខ្លះសន្និដ្ឋានថា ជាការឆ្លងពេលវេលា អ្នកខ្លះក៏យល់ថាជាការចាប់ជម្រិត និងមូលហេតុដែលមនុសុ្សភាគច្រើនជឿជាក់នោះគឺការជួបឧបទ្ទវហេតុធ្លាក់ស្លាប់ទៅក្នុងមហាសមុទ្រ ឬក្នុងព្រៃជ្រៅដែលពិបាកនឹងរកឃើញជាដើម។

ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងពីរឿងក្តីបាត់ដានយន្តហោះយ៉ាងអាថ៌កំបាំងទាំង១០ករណី ដែលមកដល់សព្វថ្ងៃនៅតែមិនទាន់រកឃើញ៖

១០.យន្តហោះរបស់ Amelia Earhart

Amelia Earhart គឺជាពីឡុតស្រី (អ្នកបើកយន្តហោះ) ដំបូងបង្អស់ ដែលធ្វើឱ្យពិភពលោកទទួលស្គាល់ថាស្ត្រីក៏មានសិទ្ធធ្វើកិច្ចការជាច្រើនដូចបុរសដែរ។ តែគួរឱ្យស្តាយ នៅក្នុងអំឡុងឆ្នាំ ១៩៣៧ នៅពេលដែលនាងធ្វើការហោះហើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិច នាងក៏បានបាត់ខ្លួនរហូតមក។ ក្រោយពីប្រទះជែលលាបខ្លួនម្យ៉ាងនៅលើកោះ Nikumaro គេជឿថាជារបស់របររបស់ Amelia Earhart ហើយទីនេះគឺជាទីតាំងដែលនាងស្លាប់បាត់បង់ជីវិតដោយសារតែធ្លាក់យន្តហោះចូលមហាសមុទ្រផងដែរ បើទោះបីជាមិនអាចរកស្លាកស្នាមសូម្បីតែបន្តិចក៏ដោយ។

យន្តហោះរបស់ Amelia Earhart

៩.យន្តហោះ Flight 19

យន្តហោះ Flight 19 គឺជាយន្តហោះមួយគ្រឿង ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្នុងអំឡុងពេលសង្ក្រាមលោកលើកទី២ នៅម្តុំតំបន់ត្រីកោណ Bermuda Tringle ដែលគេល្បីថាជាកន្លែងបាត់ខ្លួនយន្តហោះ និងកាប៉ាល់ជាច្រើនគ្រឿងកន្លងមក។ ហើយមនុស្សទាំង១៤នាក់ព្រមទាំងយន្តហោះមួយគ្រឿងនេះ ក៏បានបាត់ដានរហូតមកទល់សព្វថ្ងៃ ដែលមិនអាចរកឃើញបំណែកសូម្បីតែបន្តិច។

យន្តហោះ Flight 19

៨.ការលួចយន្តហោះ Boeing 727-223 Angola

មានមនុស្សអាថ៌កំបាំងម្នាក់បានប្លន់យន្តហោះ Boeing 727-223 Angola នេះដោយដេញពីឡុត (អ្នកបើកយន្តហោះ) លោក Ben Charles Padilla ចេញពីយន្តហោះ រួចក៏បើកចាកចេញទៅ។ អ្វីដែលធ្វើឱ្យគ្រប់គ្នាស្រាយចម្ងល់មិនចេញ ចាប់ពីថ្ងៃនោះមកគេមិនអាចរកដានយន្តហោះ និងទាំងចោរប្លន់ម្នាក់នោះរហូតដល់សព្វថ្ងៃ។

ការលួចយន្តហោះ Boeing 727-223 Angola

៧. យន្តហោះ Star Ariel និង Star Tiger

យន្តហោះទាំងពីរគ្រឿងនេះត្រូវបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្នុងឆ្នាំ ១៩៤៨ ដែលមកដល់សព្វថ្ងៃ គេមិនទាន់រកឃើញសាកសព និងបំណែកយន្តហោះណាមួយនៅឡើយទេ។ ការបាត់ខ្លួនរបស់យន្តហោះទាំងពីរគ្រឿងនេះ ក៏ស្ថិតនៅក្នុងកន្លែងតំបន់ត្រីកោណ Bermuda Tringle ផងដែរ។

យន្តហោះ Star Ariel និង Star Tiger

៦. យន្តហោះ Flying Tiger Flight 739

យន្តហោះមួយគ្រឿងនេះបានដឹកទាហានអាមេរិចចំនួន ៩៦នាក់ពីរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិចទៅកាន់ប្រទេសវៀតណាម ដោយបានឈប់ចាក់សាំងនៅក្នុងកោះ Guam ទើបធ្វើដំណើរបន្ត និងចុះចតនៅក្នុងប្រទេសហ្វីលីពីន។ ក្រោយពីចាកចេញពីប្រទេសហ្វីលីពីន ហោះសំដៅទៅកាន់ប្រទេសវៀតណាម យន្តហោះមួយគ្រឿងនេះក៏បាត់ស្រមោលរហូតដល់សព្វថ្ងៃ ដោយគ្មានអ្នកណាដឹងទេថាវាមានបញ្ហា ឬមានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ ព្រោះតែមិនមានសញ្ញាប្រកាសអាសន្នណាមួយឡើយនៅពេលដែលយន្តហោះនេះបានបាត់ចេញពីរ៉ាដាតាមដាន។

យន្តហោះ Flying Tiger Flight 739

៥. យន្តហោះ Flight 370 Malaysian Airlines

រឿងក្តីបាត់ដានយន្តហោះ Flight 370 Malaysian Airlines មួយគ្រឿងនេះនៅថ្ងៃទី៨ តែមិនា ឆ្នាំ ២០១៥ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងល្បីពាសពេញពិភពលោក ដោយមានប្រទេសជាច្រើនបានជួយធ្វើការរុករកគ្រប់វិធីសាស្រ្ត តែនៅតែមិនអាចរកឃើញសូម្បីតែស្លាកស្នាម និងបំណែកយន្តហោះ។ មនុស្សមួយចំនួនបានជឿថា យន្តហោះបានធ្លាក់ទៅក្នុងមហាសមុទ្រ ដែលជាហេតុធ្វើឱ្យពិបាកនឹងធ្វើការស្វែងរកណាស់។

យន្តហោះ Flight 370 Malaysian Airlines

៤.យន្តហោះរបស់ Glenn Miller

លោក Glenn Miller គឺជាមេក្រុមតន្ត្រីករដ៏ល្បីឈ្មោះម្នាក់ តែលោកបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងជាមួយនឹងយន្តហោះរបស់លោកនៅក្នុងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៩៤៤។ បើទោះបីជាមិនទាន់រកឃើញបំណែកយន្តហោះសូម្បីតែបន្តិច គេជឿជាក់ទាំងស្រុងថា យន្តហោះដែលលោក Glenn Miller ជិះជួបនឹងបញ្ហាអាកាសធាតុរួចក៏ធ្លាក់ទៅក្នុងមហាសមុទ្របាត់ដានរហូតមកដល់ពេលនេះ។

យន្តហោះរបស់ Glenn Miller

៣.យន្តហោះ Varig Boeing 737

យន្តហោះប្រស៊ីល Varig Boeing 737 បានរត់គេចខ្លួនជាមួយនឹងសិល្បៈគំនូរ Rio មួយផ្ទាំងដែលមានតម្លៃរាប់សិបលានដុល្លា នៅក្នុងឆ្នាំ ១៩៧៩។ទោះជាយ៉ាងណាក្តីចាប់ពីពេលនោះមក យន្តហោះនោះបានបាត់ដានរហូត ទោះស្វែងរកយ៉ាងណាក៏រកមិនឃើញ មិនថាតែមនុស្ស ឬបំណែកយន្តហោះ ដែលគេមិនដឹងដឹងច្បាស់ថាវាអាចនឹងជួបឧបទ្ទវហេតុដោយសារតែអាកាសធាតុ ឬគ្រោះថ្នាក់បុកនឹងអ្វីមួយឡើយ។

យន្តហោះ Varig Boeing 737

២.យន្តហោះ DC-4 Canadian Pacific Air Lines

នៅក្នុងថ្ងៃទី ២១ តែកក្កដា ឆ្នាំ១៩៥១ យន្តហោះ DC-4 Canadian Pacific Air Lines ដែលហោះចេញពីទីក្រុងតូក្យូប្រទេសជប៉ុន ទៅកាន់ក្រុង Vancouver ប្រទេសកាណាដា ត្រូវបានគេដឹងថាជួបនឹងបញ្ហាអាកាសធាតុ។ ទោះជាយ៉ាងនេះក្តីទាំងយន្តហោះ ទាំងអ្នកបើកយន្តហោះជនជាតិកាណាដា ៦នាក់ និងអ្នកដំណើរក្នុងយន្តហោះទាំង ៣១នាក់ មិនត្រូវបានគេរកឃើញឡើយសូម្បីតែស្រមោលរហូតមកដល់សព្វថ្ងៃ។

យន្តហោះ DC-4 Canadian Pacific Air Lines

១.យន្តហោះធ្លាក់ចូលទៅក្នុងបឹងមីឈីហ្គេន ឆ្នាំ ១៩៥០

បើទោះបីជាបឹងនេះមិនមានទំហំធំស្មើនឹងមហាសមុទ្រ ប៉ុន្តែយន្តហោះដែលហោះហើរចេញពីទីក្រុងញ៉ូយ៉ក ទៅកាន់រដ្ឋមីនីសូតានៅក្នុងឆ្នាំ ១៩៥០ មួយគ្រឿងនេះ បានធ្លាក់ចូលទៅក្នុងបឹងមីឈីហ្គេនរហូតបាត់ដាន។ បើទោះបីជាបានជួបប្រទះនឹងបំណែកសាកសពមនុស្សខ្លះៗ តែទាំងបំណែកយន្តហោះ ទាំងអ្នកបើកយន្តហោះ និងអ្នកដំណើរ៥៨នាក់មិនត្រូវបានគេរកឃើញនោះឡើយរហូតដល់ពេលនេះ។ ឯមូលហេតុនៃការធ្លាក់ចូលទៅក្នុងទឹកក៏មិនទាន់មានអ្នកណាអាចរកឃើញ និងស្រាយបំភ្លឺឱ្យបានច្បាស់ដែរ៕

យន្តហោះធ្លាក់ចូលទៅក្នុងបឹងមីឈីហ្គេន ឆ្នាំ ១៩៥០





អត្ថបទថ្មី