រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ឌីជីថលជាលើកទី២ដើម្បីជំរុញឲ្យយុវជនចាប់យកជំនាញបច្ចេទេស!

  • 2019-12-20 12:27:50 AM
  • ចំនួនមើល 265 ដង

រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ឌីជីថល ជាលើកទី២ ដើម្បីជំរុញឲ្យយុវជនចាប់យកជំនាញបច្ចេទេស ដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនៃយុគសម័យឧស្សាហកម្ម ៤.០ ។ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ ដើម្បីបញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាន នៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន សិស្ស-និស្សិត និងស្ត្រី ឲ្យចាប់អារម្មណ៍លើជំនាញបច្ចេកទេស សំដៅឈានទៅបង្កើនប្រសិទ្ធភាពការងារ និងផលិតភាព ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរជាតិ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា២០២០ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឯកឧត្តម បានបញ្ជាក់ថា ព្រឹត្តិការណ៍ឌីជីថលកម្ពុជាឆ្នាំ២០២០ ដែលនឹងរៀបចំនៅខែមីនាខាងមុខនេះ មានវេទិកាថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន និងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ាន ជាមួយនឹងវិស័យឯកជនមកពីថ្នាក់តំបន់ និងពិភពលោក, វេទិកាសម្រាប់ Tech Startup និងវេទិកាសម្រាប់អ្នកអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ។ ជាមួយគ្នានោះ ក៏មានសន្និសីទ និងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនាញដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព និងអនាគតនៃបច្ចេកវិទ្យាឌីជីថល, ពិព័រណ៍ឌីជីថលទាំងថ្នាក់ជាតិនិងថ្នាក់តំបន់, ការប្រគល់ពានរង្វាន់ដល់ស្ត្រីដែលអនុវត្តអាជីវកម្មក្នុងបច្ចេកវិទ្យាឌីជីថល និងផលិតផលបច្ចេកវិទ្យាដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍ ។ ឯកឧត្តម មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាប្រមូលផ្តុំយុវជនឲ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ឌីជីថល២០២០ ដែលមានវិទ្យាស្ថានជាតិនិបទិកជាម្ចាស់នេះ មានការគាំទ្រដោយក្រសួងចំនួន ៦ រួមមាន៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជនផងដែរ ។

ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយដើម្បីកៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរួមមាន៖ ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មបង្កើតថ្មី អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងជំរុញលើសហគ្រិនភាពនិងនវានុវត្តន៍ថ្មីៗ និងអភិវឌ្ឍបណ្តាញអាជីវកម្ម រវាងអាជីវកម្មបង្កើតថ្មីជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមផងដែរ ៕

Image result for ព្រឹត្តិការណ៍ឌីជីថល


អត្ថបទថ្មី