មកមើលសម្រស់ សំណាង អេលីណា ក្នុង​​ឈុត ព្រះនាង​ឥន្ទ្រ​ទេវី ស្អាត​ហើយ​មាន​អត្ថន័យ​

  • 2019-11-22 8:01:19 PM
  • ចំនួនមើល 55 ដង

កញ្ញា សំណាង អេលី ណា បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៩ នៅ​ព្រឹក​នេះ បាន​បង្ហាញ​ឈុត​តំណាង​ជាតិ Miss Universe Cambodia 2019 ដ៏​ពិសេស​មួយ​ឈុត​មាន​ឈ្មោះថា “ព្រះ​នាង​ឥន្ទ្រ​ទេវី” ដែល​មើល​ទៅ​ស្អាត និង​មាន​អត្ថន័យ​ជ្រាលជ្រៅ។

តាម​ការ​ពន្យល់​របស់ អេលីណា ដែល​មាន​ភ្ជាប់​ជាមួយ​រូប​ថត​ប៉ុន្មាន​សន្លឹក ព្រះ​នាង​ឥន្ទ្រ​ទេវី គឺជា​អគ្គ​មហេសី​ទី​២​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី៧ បន្ទាប់​ពី​ព្រះ​មហេសី​ទី​១ ព្រះ​នាង​ជ័យ​រាជ​ទេវី ដែល​សុគត​បាត់​ទៅ ព្រះ​នាង​ឥន្ទ្រ​ទេវី​គឺជា មហាកវី​ដ៏​ល្បីល្បាញ​នៅ​សតវត្ស​ទី​១៣ ហេតុ​នេះ​ទើប​កេរ្តិ៍​ឈ្មោះ​ព្រះ​នាង​ល្បី​សុះសាយ ហើយ​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​អក្សរ​សាស្ត្រ​ខ្មែរ​រហូតមកដល់​សព្វថ្ងៃ​នេះ ព្រះ​នាង​ឥន្ទ្រ​ទេវី​មាន​គុណ​សម្បត្តិ​ធំ​ជាង​គេ គឺ​ព្រះ​នាង​មិន​ចេះ​លោភ​លន់ ហើយ​ព្រះ​នាង​តែងតែ​ហ្វឹកហាត់​ប្រជារាស្ត្រ អោយ​ប្រយុទ្ធ និង​ភាព​អវិជ្ជា រំដោះខ្លួន​ពី​ភាព​ល្ងង់​ខ្មៅ ព្រោះ​ព្រះ​នាង​បាន​ចាត់ទុកថា “សត្រូវ​ដ៏​ធំ​បំផុត​របស់​មនុស្ស​យើង​គឺ​អវិជ្ជា”។

តួ​យ៉ាង តួ​អង្គ​អប្សរា​ហែហម​ព្រះ​នាង​ទាំង​៨​អង្គ​នោះ​គឺ​យើង​ចង់​បង្ហាញ​អំពី​តួ​អង្គ​មនុស្ស​ស្រី ដែល​តំណាង​អោយ​សិរី​បី​ប្រការ​គឺ ៖

១ សិរី​សួស្ដី​ពេលព្រឹក ស្ថិត​នៅ​លើ​ផ្ទៃ​មុខ ( ជា​ការ​រៀប​ចំ​សំអាត​មុខមាត់​ដើម្បី​អោយ​ស្រស់ស្រាយ​ជាមួយ​ស្នាម​ញញឹម )​២ សិរី​សួស្ដី​ពេល​ថ្ងៃ ស្ថិត​លើ​ទ្រូង ( ជា​ការ​រៀប​ចំ​សំអាត​កាយ )​៣ សិរី​សួស្ដី​ពេល​យប់ ស្ថិត​លើ​ចុង​ជើង ( គឺជា​ការ​រៀប​ចំ​សំអាត​ជើង​មុន​ពេល​ចូល​គេង )

ដូច្នេះ​ហើយ​ទើប​ ក្រុម​ការងារ​នាង​សំ​រេច​ជ្រើសរើស​យក​តួអង្គ ព្រះ​នាង​ឥន្ទ្រ​ទេវី ហែហម​ដោយ​ទេព​អប្សរា​មក​ធ្វើជា​ឈុត​តំណាង​ជាង Miss Universe Cambodia 2019 នេះ ជាមួយ​អត្ថន័យ​ថា តួ​អង្គ​ព្រះ​នាង​តំណាង​អោយ​ស្ត្រី​ខ្មែរ​ដែល​ទៅដល់​ទីណា​ក៏​ប្រកបដោយ​ភាព​ស្រស់ស្រាយ សិរី​សួស្ដី និង​ភាព​រីក​ចំរើន។ អេលីណា ថា ពួក​នាង​ ក៏​​ចង់​អោយ​ពិភព​លោក​បាន​ដឹង​ថា​ស្ត្រី​កម្ពុជា​មិន​ត្រឹមតែ​ស្អាត​នោះ​ទេ គឺ​ស្ត្រី​កម្ពុជា​មាន​ទាំង​សមត្ថភាព និង​ចំណេះ​ដឹង​ខ្លាំងក្លា​ផង​ដែរ។

ចំពោះ​ឈុត​តំណាង​ជាតិ​ក្នុង​កម្មវិធី “Miss Universe 2019” នេះ អេលីណា ប្រាប់​ថា មិន​ទាន់​រចនា​រួច​រាល់ ១០០%​នោះ​ទេ គឺ​បាន​ត្រឹម ៦០% ប៉ុណ្ណោះ។ ដូច្នេះ​ហើយ អាច​នឹង​នៅ​មាន​ចន្លោះ​ប្រហោង​ខ្លះ ហើយ​នាង​នឹង​បង្ហាញ​ជូន​ជា​ថ្មី​ទៀត នៅ​ពេល​ការ​រចនា​បាន​ស្រេច​បាច់១០០%៕



អត្ថបទថ្មី