ពោតបារាំង សម្បូរសារធាតុចិញ្ចឹមផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព!!
- 2020-02-23 6:20:55 AM
- ចំនួនមើល 817 ដង
ពោតបារាំង សម្បូរសារធាតុចិញ្ចឹមផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព!!
គ្នាយើងពិតជាបានដឹងហើយថាពោតបារាំង (Okra) អាចយកមកធ្វើជាអាហារប្រចាំថ្ងៃបាន ប៉ុន្តែក៏មានអ្នកខ្លះចាត់ទុកជាប្រភេទផ្លែឈើដែរ។ ពោតបារាំងមានពីរពណ៌ គឺពណ៌បៃតង និងពណ៌ក្រហមដែលប្តូរមកពណ៌បៃតងក្រោយពេលចម្អិន។ មួយវិញទៀតគ្នាយើងក៏ទំនងជាបានដឹងដែរថាពោតបារាំងសម្បូរសារធាតុចិញ្ចឹមដែលបានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។
សំបូរសារធាតុចិញ្ចឹម
ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖
– កាឡូរី៖ ៣៣កាឡូរី
– កាប៊ូអ៊ីដ្រាត៖ ៧ក្រាម
– ប្រូតេអ៊ីន៖ ២ក្រាម
– ជាតិខ្លាញ់៖ ០ក្រាម
– ជាតិសរសៃ៖ ៣ក្រាម
– ម៉ាញ៉េស្យូម៖ ១៤% ក្នុងមួយពេល
– អាស៊ីតហ្វូលិក (Folate)៖ ១៥%ក្នុងមួយពេល
– វីតាមីន A៖ ១៤% ក្នុងមួយពេល
– វីតាមីន C៖ ២៦%ក្នុងមួយពេល
– វីតាមីន K៖ ២៦%ក្នុងមួយពេល
– វីតាមីន B6៖ ១៤%ក្នុងមួយពេល។
ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើពោតបារាំងគឺជាប្រភពដ៏ល្អនៃវីតាមីន C និង K1។ វីតាមីន C មានមុខងារជួយដល់ប្រព័ន្ធភាពស៊ាំ រីឯវីតាមីន K1 អាចជួយក្នុងការធ្វើកំណកឈាម។ មួយវិញទៀត ចំណុចពិសេសរបស់ផ្លែពោតបារាំងនេះគឺមានប្រូតេអ៊ីន និងជាតិសរសៃដែលផ្លែឈើ និងបន្លែមួយចំនួនមិនមាន។
ពោតបារាំងមាននូវសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលមានផលល្អសម្រាប់សុខភាពរបស់យើងគ្រប់គ្នា។ សារធាតុប្រឆាំងអ៊ុកស៊ីតកម្មចម្បងនៅក្នុងពោតបារាំងនេះគឺ Polyphenols រួមទាំង Flavonoids និងIsoquercetin ក៏ដូចជាវីតាមីន A និងCដែរ។ ការសិក្សាបានបង្ហាញថា អាហារដែលមានជាតិ Polyphenols ខ្ពស់ជាអាហារល្អសម្រាប់សុខភាពខួរក្បាល និងបេះដូង រួមទាំងការប្រឆាំងនឹងការរលាក។
កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ជំងឺបេះដូងបង្កឡើងដោយជាតិកូលេស្តេរ៉ូលខ្ពស់ ហើយពោតបារាំងមានសារធាតុម្យ៉ាងហៅថា mucilage ដែលអាចកម្ចាត់កូលេស្តេរ៉ូលអំឡុងពេលរំលាយអាហារឲ្យចេញមកតាមការបន្ទោរបង់។ ម៉្យាងទៀត សារធាតុ Polyphenols អាចជួយប្រឆាំងនឹងការរលាក និងការពារបេះដូងរបស់យើងទៀតផង។ ដូចនេះពោតបារាំងជាអាហារល្អសម្រាប់សុខភាពបេះដូង។
ពោតបារាំងអាចប្រឆាំងជំងឺមហារីក
ផ្លែពោតបារាំងក៏មានមានសារធាតុ Lectin ដែលអាចទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក។ តាមការពិសោធន៍ទៅលើសត្វកណ្តុរបានបង្ហាញថាសារធាតុនេះអាចបង្ការការលូតលាស់របស់កោសិកាមហារីករហូតដល់ទៅ៦៣%។
កាត់បន្ថយជាតិស្ករក្នុងឈាម
បើនិយាយពីកម្រិតជាតិស្ករ គ្នាយើងខ្លះទំនងជាមានកង្វល់ ដោយសារកម្រិតជាតិស្ករក្នុងឈាមពិតជាសំខាន់សម្រាប់សុខភាពណាស់។ កាលណាកម្រិតជាតិស្ករខ្ពស់អាចបណ្តាលឲ្យមានជំងឺបម្រុងទឹកនោមផ្អែម (Prediabetes) និងទឹកនោមផ្អែមប្រភេទទី២។ ការពិសោធន៏លើកណ្តុរបានឲ្យដឹងថា ផ្លែនេះអាចទប់ស្កាត់ការឡើងនៃជាតិស្ករក្នុងឈាម ប៉ុន្តែការស្រាវជ្រាវខ្លះបានលើកឡើងថាអាចនឹងមានភាពរំខានដល់ថ្នាំសម្រាប់ទឹកនោមផ្អែមដែលគេប្រើទូទៅ។ ដូចនេះគ្នាយើងដែលបារម្ភបីការឡើងជាតិស្ករអាចសាកទទួលទានផ្លែពោតបារាំងនេះបាន ដោយថាអាចកាត់បន្ថយជាតិស្ករក្នុងឈាមបាន។
មានប្រយោជន៍ដល់ស្រ្តីមានផ្ទៃពោះ
ពោតបារាំងមានផ្ទុកអាស៊ីតហ្វូលិក (វីតាមីន B9) ដែលមានសារៈសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះអាចជួយកាត់បន្ថយនូវហានិភ័យនៃការខូចប្រព័ន្ធបង្កើតសរសៃប្រសាទរបស់ទារកក្នុងផ្ទៃ។ ស្រ្តីមានផ្ទៃពោះត្រូវបានណែនាំឲ្យទទួលទានអាស៊ីតហ្វូលិក ៤០០ មីក្រូក្រាម ជារៀងរាល់ថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕