ទោះជាសះស្បើយពី covid-19មែន តែអ្នកខ្លះអាចប្រឈមនឹងការខូចសួត
- 2020-03-13 12:17:24 PM
- ចំនួនមើល 425 ដង
ទោះជាសះស្បើយពី covid-19មែន តែអ្នកខ្លះអាចប្រឈមនឹងការខូចសួត
អ្នកជំងឺមួយចំនួនទោះជាសះស្បើយពីវីរុសកូរ៉ូណាថ្មីក៏ពិតមែន ប៉ុន្តែត្រូវបានក្រុមវេជ្ជបណ្ឌិត ក្នុងទីក្រុងហុងកុង រកឃើញថា ពួកគេនៅតែមានបញ្ហាចុះខ្សោយមុខងារសួត ដោយមានបញ្ហាដង្ហក់ខ្លាំងពេលធ្វើដំណើរលឿន។ នេះជាការអះអាងពីសំណាក់អាជ្ញាធរមន្ទីរពេទ្យ ក្រុងហុងកុង រកឃើញកាលពីថ្ងៃព្រហស្បតិ៍ ទៅលើអ្នកជំងឺមួយចំនួន ដែលអ្នកអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ទីក្រុងសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ីមួយនេះ ត្រូវគេអះអាងមានការឆ្លងវីរុស Covod-19 សរុប ១៣១ករណី ក្នុងនោះ ៣នាក់បានស្លាប់ និង ៧៤នាក់ បានជាសះស្បើយ ត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
លោក Owen Tsang Tak-yin វេជ្ជបណ្ឌិតផ្នែកជំងឺទូទៅ នៃមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លង របស់មន្ទីរពេទ្យ Margaret Hospital អះអាងថា ក្រុមវេជ្ជបណ្ឌិតបានប្រទះអ្នកជំងឺជាសះស្បើយមួយចំនួនធំ មានស្ថានភាពសុខភាពនេះ ដោយមាន ២-៣ នាក់ មិនអាចធ្វើអ្វីដែលពួកគេធ្លាប់ធ្វើមុនឆ្លងវីរុសបាន។ លោកបញ្ជាក់ថា ពួកគេមួយចំនួននឹងមានបញ្ហាអំឡុងពេលព្យាយាមដើរឲ្យបានលឿន ខណៈបន្ទាប់ពីជាសះស្បើយ មុខងារសួតរបស់ពួកគេ ធ្លាក់ចុះប្រមាណ ២០-៣០ ភាគរយ។
លើសពីនេះ វេជ្ជបណ្ឌិត Tsang អះអាងដែរថា អ្នកដែលឈឺយូរអង្វែង ក្រោយជាសះស្បើយ ពួកគេអាចនឹងវិវត្តទៅរកជំងឺស្ទះសួត ដែលជាស្ថានភាពសុខភាពមួយកើតឡើងនៅពេលសរីរាង្គសួតឡើងរឹង មិនអាចបំពេញមុខងារបានល្អ។
លោកក៏បានណែនាំឲ្យអ្នកជាសះស្បើយទាំងអស់ ឧស្សាហ៍ហាត់ប្រាណសម្រួលសរសៃឈាម ដូចជាហែលទឹកជាដើម ព្រោះអាចជួយមុខងារសួតប្រសើរវិញបាន។
ផ្អែកតាមទិន្នន័យចុងក្រោយពីសារព័ត៌មាន South Morning China Post ចំនួនអ្នកជាសះស្បើយពីវីរុស COVID-19 នៅពេលនេះមានចំនួន ៦៩ ៨៤៧នាក់ ស្របពេលករណីឆ្លងសរុបឡើងដល់ជាង ១៣ម៉ឺននាក់ ៕