ទោះជា​សះ​ស្បើយ​ពី covid-19មែន តែអ្នក​ខ្លះ​​អាច​​ប្រឈម​នឹង​​ការ​ខូច​​សួត

  • 2020-03-13 12:17:24 PM
  • ចំនួនមើល 342 ដង

អ្នក​ជំងឺ​មួយ​ចំនួន​ទោះ​ជា​សះ​ស្បើយ​ពី​វីរុស​កូរ៉ូណា​ថ្មី​ក៏​ពិត​មែន ប៉ុន្តែ​ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត ក្នុង​ទីក្រុង​ហុងកុង រក​ឃើញ​ថា ពួក​គេ​នៅ​តែ​មាន​បញ្ហា​ចុះ​ខ្សោយ​មុខ​ងារ​សួត ដោយ​មាន​បញ្ហា​ដង្ហក់​ខ្លាំង​ពេល​ធ្វើ​ដំណើរ​លឿន។ នេះ​ជា​ការ​អះអាង​ពី​សំណាក់​អាជ្ញាធរ​មន្ទីរពេទ្យ​ ក្រុង​ហុង​កុង រក​ឃើញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទៅ​លើ​អ្នក​ជំងឺ​មួយ​ចំនួន ដែល​អ្នក​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ។

ទី​ក្រុង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​អាស៊ី​មួយ​នេះ ត្រូវ​គេ​អះអាង​មាន​ការ​ឆ្លង​វីរុស Covod-19 សរុប ១៣១​ករណី ក្នុង​នោះ ៣នាក់​បាន​ស្លាប់ និង​ ៧៤​នាក់ បាន​ជា​សះ​ស្បើយ ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ។

លោក Owen Tsang Tak-yin វេជ្ជ​បណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ នៃ​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង របស់​មន្ទីរពេទ្យ Margaret Hospital អះអាង​ថា ក្រុម​វេជ្ជ​បណ្ឌិត​បាន​ប្រទះ​អ្នក​ជំងឺ​ជា​សះស្បើយ​មួយ​ចំនួន​ធំ មាន​ស្ថាន​ភាព​សុខភាព​នេះ ដោយ​មាន ២-៣ នាក់ មិន​អាច​ធ្វើ​អ្វី​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​មុន​ឆ្លង​វីរុស​បាន។ លោក​បញ្ជាក់​ថា ពួក​គេ​មួយ​ចំនួន​នឹង​មាន​បញ្ហា​អំឡុង​ពេល​ព្យាយាម​ដើរ​ឲ្យ​បាន​លឿន ខណៈ​បន្ទាប់​ពី​ជា​សះ​ស្បើយ មុខ​ងារ​សួត​របស់​ពួក​គេ ធ្លាក់​ចុះ​ប្រមាណ ២០-៣០ ភាគរយ។

Image result for covid-19

លើស​ពី​នេះ វេជ្ជបណ្ឌិត Tsang អះអាង​ដែរ​ថា អ្នក​ដែល​ឈឺ​យូរ​អង្វែង ក្រោយ​ជា​សះ​ស្បើយ ពួក​គេ​អាច​នឹង​វិវត្ត​ទៅ​រក​ជំងឺ​ស្ទះ​សួត ដែល​ជា​ស្ថានភាព​សុខភាព​មួយ​កើត​ឡើង​នៅ​ពេល​សរីរាង្គ​សួត​ឡើង​រឹង មិន​អាច​បំពេញ​មុខ​ងារ​បាន​ល្អ។

លោក​ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ទាំង​អស់ ឧស្សាហ៍​ហាត់​ប្រាណ​សម្រួល​សរសៃ​ឈាម ដូច​ជា​ហែល​ទឹក​ជាដើម ព្រោះ​អាច​ជួយ​មុខ​ងារ​សួត​ប្រសើរ​វិញ​បាន។

ផ្អែក​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​សារព័ត៌មាន South Morning China Post ចំនួន​អ្នក​ជា​សះស្បើយ​ពី​វីរុស COVID-19 នៅ​ពេល​នេះ​មាន​ចំនួន ៦៩ ៨៤៧នាក់ ស្រប​ពេល​ករណី​ឆ្លង​សរុប​ឡើង​ដល់​ជាង ១៣ម៉ឺន​នាក់ ៕



អត្ថបទថ្មី