ជោគវាសនាសម្រាប់អ្នកកើតឆ្នាំកុរ តាមខែកំណើត
- 2019-04-08 2:36:02 PM
- ចំនួនមើល 1414 ដង
ជោគវាសនាសម្រាប់អ្នកកើតឆ្នាំកុរ តាមខែកំណើត
ឆ្នាំកុរ ជាឆ្នាំទីដប់ពីរ ក្នុងចំណោមឆ្នាំកំណើតចិនទាំង១២ ហើយតំណាងដោយសត្វជ្រូក។ អ្នកដែលមានឆ្នាំកុរគឺជាអ្នកកើតនៅក្នុងឆ្នាំ 1923, 1935, 1947, 1959, 1971, 1983, 1995, 2007, 2019…។
ក្នុងគំនិតរបស់មនុស្សភាគច្រើន សត្វជ្រូកគឺជាសត្វដែលល្ងង់ខ្លៅ ខ្ជិលច្រអូស ចូលចិត្តដេកស៊ីឥតប្រយោជន៍ច្រើន។ ហេតុនេះហើយវាជាឆ្នាំដែលតំណាងអោយភាព ខ្ជិលច្រអូស និង ភាពមិនសូវវាងវៃ ទោះបីជាបែបណា បើនិយាយពីចំនុចវិជ្ជមានវិញនោះ វាតំណាងអោយអាកប្បកិរិយាសមរម្យ ហើយនិងមិនចូលចិត្តកកូរកកាយ ឬធ្វើបានអ្នកដទៃដូចគ្នា។ សម្រាប់ជនជាតិចិនវិញ ភាពធាត់នេះ គឺតំណាងអោយភាពមានបាន ហើយនិងទ្រព្យសម្បត្តិ។ ខែកំណើតដែលល្អបំផុតសម្រាប់បុគ្គលដែលកើតនៅក្នុងឆ្នាំកុរនេះ គឺខែមករា កុម្ភៈ មេសា កញ្ញា និងខែវិច្ឆិកា។
ខាងក្រោមនេះ គឺជាជោគវាសនារបស់បុគ្គលដែលកើតនៅក្នុងឆ្នាំកុរនេះ តាមខែកំណើតនីមួយៗ៖
១) ខែមករា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ គឺជាមនុស្សដែលមានអំណោយទាន និងមានសំណាងល្អ។ ពួកគេអាចទទួលបានជំនួយពី សាច់ញាតិ ហើយនិងអ្នកដទៃ ដែលអាចជួយអោយអាជីពរបស់ពួកគេរីកចម្រើនយ៉ាងឆាប់រហ័ស ហើយនិងរលូនថែមទៀតផង។ ពួកគេគឺជាមនុស្សដែលឆ្លាត មានចំនេះដឹងខ្ពង់ខ្ពស់ និងស្មោះត្រង់ ហើយនឹងមានជីវិតដែលពោរពេញដោយសុភមង្គល និងភាពរុងរឿង។
២) ខែកុម្ភៈ
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ គឺជាមនុស្សដែលមានទេពកោសល្យខ្ពស់បំផុត។ ប្រសិនបើជាធ្វើការស្រាវជ្រាវអ្វីមួយ ពួកគេនឹងទទួលបានជោគជ័យ ហើយនិងកេរ្តិ៍ឈ្មោះល្បីរន្ទឺរ ហើយបើសិនជាធ្វើពាណិជ្ជកម្មវិញ ពួកគេអាចនឹងទទួលបាននូវទ្រព្យសម្បត្តិដ៏មហាសាល ហើយថែមទាំងទទួលបាននូវការគោរពពីអ្នកដទៃច្រើនទៀតផង។
ពួកគេជាមនុស្សដែលមានសុខភាពល្អ ស្វាហាប់ ចិត្តល្អ និងពេញដោយសំណាងល្អក្នុងមួយជីវិត។
៣) ខែមីនា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ ជាមនុស្សដែលអាចរស់នៅប្រកបដោយសុភមង្គល ក្រោយពេលដែលពួកគេឆ្លងកាត់ឧបសគ្គ លំបាកៗជាច្រើន។ ចំពោះអត្តចរិតវិញ មនុស្សក្រុមនេះជាមនុស្សដែលឆ្លាត មានជំនឿចិត្ត ស្វាហាប់ មានសុខភាពល្អ មានចំនេះដឹងខ្ពង់ខ្ពស់ និងមានគោលដៅក្នុងជីវិតធំ។ ទោះបីជាបែបណា ដោយសារតែមិនទទួលបានកេរ្ដិ៍មរតកជាដុំកំភួន ហើយនឹងខ្វះជំនួយពីសាច់ញាតិ ពួកគេត្រឹមអាចពឹងពាក់លើសមត្ថភាពរបស់ខ្លួនតែប៉ុណ្ណោះ ដើម្បីទទួលបាននូវភាពជោគជ័យក្នុងអាជីព និងការងារ។
៤) ខែមេសា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ ជាមនុស្សដែលនឹងរស់នៅក្នុងជីវិតដ៏រុងរឿង មានទ្រព្យសម្បត្តិហូរហៀរ សុវត្ថិភាព និងសុភមង្គល។ ពួកគេគឺជាមនុស្សដែលឈ្លាសវៃ ស្មោះត្រង់ មានទេពកោសល្យ ហើយមានគោលដៅធំនៅក្នុងជីវិត ហើយពួកគេថែមទាំងអាចសម្រេចវាបានថែមទៀតផង។ ប៉ុន្តែទោះបីជាបែបណា ពេលខ្លះគោលដៅរបស់ពួកគេ គឺហាក់ធំខ្លាំងពេក ហើយសឹងតែមិនអាចសម្រេចទៅរួចផងដែរ ដូច្នេះបើសិនជាពួកគេមិនពិនិត្យអោយបានល្អិតល្អន់ជាមុនទេ នោះគោលដៅនោះនឹងមិនអាចសម្រេចទៅរួចទេ។
៥) ខែឧសភា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ នឹងត្រូវរស់នៅក្នុងជីវភាពដែលលំបាក នៅវ័យក្មេង ហើយនិងវ័យកណ្ដាល ដើម្បីប្រឹងប្រែងពង្រឹងគ្រឹះការងាររបស់ខ្លួន។ ប៉ុន្តែនៅពេលឈានដល់មជ្ឈិមវ័យទៅ ការងាររបស់ពួកគេនឹងហុចផ្លែផ្កាត្រលប់មកវិញ ហើយនឹងទទួលបាននូវការគោរព និងការកោតសរសើរពីអ្នកដទៃថែមទៀតផង។
មនុស្សក្រុមនេះច្រើនជាមនុស្សដែលទន់ខ្សោយ និងជាមនុស្សដែលអភិរក្សនិយមខ្លាំង ហើយខ្សោយផ្នែកគំនិតច្នៃប្រឌិត ហេតុដូចនេះហើយទើបឱកាសល្អៗជាច្រើន ត្រូវរបូតផុតពីដៃ។ ប៉ុន្តែពួកគេជាមនុស្សដែលមានទេពកោសល្យផ្នែកសិល្បៈ ហើយអាចទទួលបានជោគជ័យល្អប្រសើរ ទាក់ទងនឹងវិស័យនេះផងដែរ។
៦) ខែមិថុនា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ គឺជាមនុស្សដែលឈ្លាសវៃជាទីបំផុត។ ប្រសិនបើពួកគេប្រឹងប្រែងធ្វើកិច្ចការរបស់ខ្លួននោះ ពួកគេអាចទទួលបានភាពជោគជ័យយ៉ាងធំធេង ទាំងផ្នែកកិច្ចការងាររដ្ឋ ពាណិជ្ជកម្ម ហើយនិងផ្នែកសិល្បៈ។ ប៉ុន្តែទោះបីជាបែបណា ប្រសិនបើពួកគេគិតតែពីរឿងសប្បាយ ហើយមិនព្រមកំណត់គោលដៅសម្រាប់ខ្លួនឯងអោយបានច្បាស់លាស់ទេ នោះជីវិតរបស់ពួកគេនឹងមិនអាចទទួលបានជោគជ័យឡើយ។
៧) ខែកក្កដា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ ជាមនុស្សដែលនឹងរស់នៅក្នុងភាពសម្បូរសប្បាយ ហើយនិងសុភមង្គល។ ដោយសារមានជំនួយពីឪពុកម្ដាយ ហើយនិងអ្នកដទៃ ពួកគេអាចមានជីវិតការងារដ៏មានជោគជ័យ។ ទោះបីជាបែបណា មនុស្សក្រុមនេះច្រើនឆាប់ខឹង ឆេវឆាវ និងជាមនុស្សដែលផ្ដាច់ការ។ ប្រសិនបើពួកគេមិនព្យាយាមកែអត្តចរិតមិនល្អនេះចេញទេ នោះពួកគេក៏មិនអាចទទួលបាននូវភាពជោគជ័យដូចគ្នាដែរ។
៨) ខែសីហា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ នឹងមានជីវិតរស់នៅដែលលំបាក នៅវ័យក្មេង ប៉ុន្តែពួកគេមានឱកាសល្អច្រើន ក្នុងការទទួលបានជោគជ័យ និងក្លាយជាមនុស្សល្បីល្បាញ នៅពេលដែលពួកគេឈានចូលវ័យកណ្ដាល ហើយនឹងរស់នៅក្នុងជីវិតដែលរុងរឿង និងមានទ្រព្យសម្បត្តិស្ដុកស្ដម។ ពួកគេគឺជាមនុស្សដែលឆ្លាត ស្វាហាប់ ហើយនិងជាមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយ ពិសេសលើសមនុស្សដទៃ។
៩) ខែកញ្ញា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ គឺជាមនុស្សដែលមានរូបឆោមលោមពណ៌ ស្រស់ស្អាត ហើយនិងជាមនុស្សដែលពូកែចូលចុះក្នុងសង្គមបំផុត។ ទោះបីជាពួកគេមិនសូវជាប្រឹងប្រែងធ្វើការងារប៉ុន្មាន ក៏ពួកគេនៅតែអាចរស់នៅក្នុងភាពសម្បូរសប្បាយ និងគ្មានទុក្ខកង្វល់។ ទោះបីជាបែបណា ពួកគេត្រូវឧស្សាហ៍ហាត់ប្រាណអោយបានជាប្រចាំ ពីព្រោះបើមិនអញ្ចឹងទេពួកគេនឹងកើតជំងឺលើសទំងន់ធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
១០) ខែតុលា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ ច្រើនកើតក្នុងក្រុមគ្រួសារទីទ័លក្រ ហើយត្រូវពឹងផ្អែកលើដៃទាំងពីររបស់ខ្លួនឯង រួមនឹងទឹកចិត្តតស៊ូ ដើម្បីមានជីវភាពដែលសមរម្យ។ ជាភ័ព្វសំណាងល្អ ពួកគេគឺជាមនុស្សដែលស្មោះត្រង់ ហើយចូលចិត្តជួយយកអសារអ្នកដទៃ ហើយពួកគេនឹងត្រូវអំពើល្អពីអ្នកដទៃទាំងនោះ តបស្នងត្រលប់មកវិញ ដែលនឹងជួយធ្វើអោយពួកគេជោគជ័យ ក្នុងអាជីព និងការងារ។ ពួកគេក៏អាចមានលទ្ធភាព ក្លាយទៅជាអ្នកមានបាន នៅជីវិតចុងក្រោយរបស់ខ្លួនដែរ។
១១) ខែវិច្ឆិកា
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ នឹងរស់នៅជាមួយជីវិតដែលគ្មានទុក្ខកង្វល់ ទាំងក្នុងក្រុមគ្រួសារ និងជីវិតការងារ។ ពួកគេគឺជាមនុស្សឆ្លាត ចិត្តល្អ ស្មោះត្រង់ និងទទួលបានការស្រលាញ់រាប់អានច្រើនពីអ្នកដទៃ។ លើសពីនេះទៅទៀត ជីវិតជារួមរបស់ពួកគេគឺមានក្ដីសុខសុវត្ថិភាព ហើយកម្រជួបនឹងឧបសគ្គ ឬបញ្ហាធ្ងន់ធ្ងរណាស់។
១២) ខែធ្នូ
បុគ្គលឆ្នាំកុរដែលកើតនៅក្នុងខែនេះ គឺមានទាំងក្ដីសុខ ហើយនិងក្ដីទុក្ខនៅឡូកឡំគ្នា។ ពួកគេអាចទទួលបានកេរ្តិ៍មរតកខ្លះ ពីក្នុងវង្សត្រកូល ប៉ុន្តែទទួលបានការជួយគាំទ្រ តិចតួចបំផុតពីឪពុកម្ដាយ ហើយនិងអ្នកដទៃ។ ដូច្នេះពួកគេចាំបាច់ត្រូវពឹងពាក់លើខ្លួនឯង ដើម្បីមានអាជីពដែលល្អប្រសើរ។
ទោះបីជាបែបណា នៅពេលដែលជួបនឹងឧបសគ្គមនុស្សក្រុមនេះ ចូលចិត្តគិតច្រើន ហើយវាធ្វើអោយប៉ះពាល់ខ្លាំងដល់សុខភាពរបស់ពួកគេ ដូច្នេះប្រការល្អ ពួកគេគួរតែធ្វើលំហាត់ប្រាណអោយបានជាប្រចាំ។