គ្រូ Salzburg ប្រាប់តំណែង ដែលសាកសមបំផុតសម្រាប់ Minamino នៅ Liverpool

  • 2020-05-27 4:50:36 PM
  • ចំនួនមើល 484 ដង

Jesse Marsch ជឿជាក់ថា Takumi Minamino នឹងរីកចម្រើននៅ Liverpool ហើយអះអាងថា តារាជប៉ុនរូបនេះសាកសមនឹងតួនាទីរបស់ Roberto Firmino បំផុត។

Minamino បានចូលរួមជាមួយ Liverpool ពីក្រុម Red Bull Salzburg កាលពីខែមករាក្នុងតម្លៃ ៧,២៥ លានផោន (៩ លានដុល្លារ) ដោយបានធ្វើការបង្ហាញខ្លួនសរុបចំនួន ៦ ប្រកួត សម្រាប់ក្រុមហង្សក្រហម មុនពេលបាល់ទាត់ត្រូវបានផ្អាកការប្រកួត ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

លោក Marsch បានជួយអភិវឌ្ឍកីឡាករវ័យ ២៥ ឆ្នាំរូបនេះនៅអូទ្រីស ដោយកីឡាករអន្តរជាតិជប៉ុន រកបាន ៩ គ្រាប់សម្រាប់ក្រុមចាស់នៅរដូវកាលនេះ មុនពេលចាកចេញទៅអង់គ្លេស។ ការស្វែងរកពេលវេលាលេងនៅទឹកដី Anfield នឹងក្លាយជាការប្រកួតប្រជែងដ៏ពិបាកមួយសម្រាប់ Minamino ដែលនឹងត្រូវប្រជែងជាមួយ Sadio Mane, Mohamed Salah និង Firmino ដែលជាខ្សែប្រយុទ្ធជួរមុខនៅក្នុងក្លិប។

គ្រូបង្វឹក RB Salzburg លោក Marsch បាននិយាយថា Minamino នឹងសមបំផុតក្នុងតួនាទីរបស់ Firmino ដោយបានរៀបរាប់ថា៖ “គាត់នឹងមិនពូកែលេងតួនាទីដែល Salah និង Sadio លេងនោះទេ ព្រោះគេប្រើចលនាបំលាស់ទីច្រើន។ ខ្ញុំគិតថាគាត់អាចល្អនៅក្នុងជំហររបស់ Roberto Firmino ដែលជាកន្លែងប្រយុទ្ធនឹងបាល់ គាត់ត្រៀមខ្លួនដើម្បីស៊ុតបញ្ចូលទី។ Firmino ល្អណាស់ ប៉ុន្តែខ្ញុំគិតថានោះជាអ្វីដែល Taki ក៏អាចធ្វើបានដែរ”៕



អត្ថបទថ្មី