គេង​ថ្ងៃ​គឺ​ល្អ​ តែ​បើ​មិន​ប្រយ័ត្ន អាចនាំ​ទុក្ខ​ដាក់​ខ្លួន​ពេល​គេង​ថ្ងៃ.

  • 2019-12-21 3:53:21 AM
  • ចំនួនមើល 70 ដង

គេង​ថ្ងៃ​ត្រូវ​បានចាត់​ទុក​ថា​ជា​ជំនួយ​សុខភាព​ដ៏​ល្អ​បំផុត សំរាប់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​បើ​អ្នក​គេង​មិន​ត្រូវ​ក្បួន​ខ្នាត​ទេ ការ​គេង​នេះ​អាច​នាំ​ផល​អវិជ្ជមាន​មក​ច្រើន​ជាង ផល​វិជ្ជមាន។ ខាង​ក្រោម​នេះ​គឺ​ជា​៣​កត្តា​ដែល​អ្នក​គួរ​ជៀស​វាង​ពេល​គេង​ថ្ងៃ។

១. គេង​ផ្កាប់​មុខ​នឹង​តុ

សិស្សានុសិស្ស ក៏​ដូច​ជា​បុគ្គលិក​ក្រុម​ហ៊ុន​ជា​ច្រើន​នាក់ តែង​តែ​គេង​ផ្កាប់​មុខ​នឹង​តុ​រៀន ក៏​ដូច​ជា​តុ​ធ្វើ​ការ​របស់​ខ្លួន​ជា​និច្ច​នៅ​ពេល​ហត់​ពេក។ យ៉ាងណាក្ដី​ ទម្លាប់​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន​ជាក់​ជា​មិន​ខាន។ តាម​នោះ​ដែរ បើ​អ្នក​គេង​ផ្កាប់​មុខ​នឹង​តុ នៅ​ពេល​ដឹង​ខ្លួន​ឡើង អ្នក​នឹង​ឈឺក្បាល​ខ្ទោក​ៗ​ជា​មិន​ខាន។ ដ្បិត​នៅ​ពេល​គេង ចង្វាក់​បេះដូង​នឹង​លោត​យឺតជាង​ធម្មតា ធ្វើ​ឲ្យ​ឈាម​ផ្គត់ផ្គង់​មិន​គ្រប់​គ្រាន់។ នៅ​ពេល​គេង​ផ្កាប់​បែប​នេះ​ រឹត​តែ​ធ្វើ​ឲ្យ​ឈាម​ផ្គត់ផ្គង់​ដល់​ខួរ​​ក្បាល​មិន​គ្រាន់ ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល វិល​មុខ​ខ្លាំង។

២. គេង​ភ្លាម​ក្រោយ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់

ដោយ​សារ​តែ​រយៈពេល​សំរាក​ពេល​ថ្ងៃ​របស់​បុគ្គលិក​ជា​ច្រើន​មិន​បាន​យូរ​ទេ ដូច​នេះ​ប្រសិន​ជា​ចង់​គេង ពួក​គេ​ត្រូវ​គេង​ភ្លាម​ក្រោយ​ពេល​ទទួល​ទាន​អាហារ បើ​មិន​ដូច​នោះ​ទេ គឺ​មិន​ទាន់​ពេល​ចូល​ធ្វើ​ការ​វិញ​ឡើយ។ យ៉ាងណាក្ដី ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច ក្រពះ​នឹង​បង្កើន​កម្លាំង​រំលាយ​អាហារ ក៏​ដូច​ជា​ឈាម​នឹង​រត់​លឿន​ជា​ង​មុន​ដើម្បី​ផ្គត់ផ្គង់​កម្លាំង។ បើ​គេង​នៅ​ពេល​នេះ ក្រពះ​នឹង​ពិបាក​រំលាយ​អាហារ ធ្វើ​ឲ្យ​ពេល​ងើប​ឡើង អ្នក​នឹង​ឆ្អល់​ពោះ​ច្បាស់​ជា​មិន​ខាន។

៣. គេង​ថ្ងៃ​យូរ​ពេក

មនុស្ស​​ជា​ច្រើន​ ដោយ​សារ​តែ​ពេល​យប់​គេង​មិន​គ្រប់គ្រាន់ ឬ​នៅ​ដល់​យប់​ជ្រៅ​ពេក ពួក​គេ​តែងតែ​គេង​ពេល​ថ្ងៃ​ច្រើន​ជាង​វិញ។ ការ​គេង​បែប​នេះ នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ដើរ​បញ្ច្រាស់​នឹង​ម៉ោង​ធម្មជាតិ ​ហើយ​រាងកាយ​ប្រតិកម្ម​មិន​ប្រក្រតី។ ការ​គេង​ថ្ងៃ​ដែល​ល្អ​បំផុត គឺ​មាន​ចន្លោះ​ត្រឹម​តែ​ពី​៣០​នាទី ទៅ​៦០​នាទី​ប៉ុណ្ណោះ។ លើស​ពី​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​នៅ​ពេល​យប់​វិញ សុខភាព​រឹត​តែ​ចុះ​ខ្សោយ​៕

Image result for គេង​ពេលថ្ងៃ

ប្រភព៖ Phunutoday



អត្ថបទថ្មី